អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យម្ចាស់អ្នកគ្រប់គ្រងផលិតកម្មលុបវីដេអូបទ” Are you OK? ចេញ

4

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មចម្រៀង Galaxy Navatra បានចេញមុខចាត់វិធានការក្តៅជាបន្ទាន់ ដោយបញ្ជារឲ្យអ្នកគ្រប់គ្រងក្នុងផលិតម្មចម្រៀងរបស់ខ្លួន លុប Video Trailer បទ «Are You Ok» ពីបណ្តាញសង្គមទាំងអស់តែម្តង ខណៈការធ្វើបែបនេះ ស្របពេលកំពុងផ្ទុះការគាំទ្រយ៉ាងណាក៏ដោយ។ការសម្រេចចិត្តរបស់អ្នកឧកញ៉ាម្ចាស់ផលិតកម្ម គឺបន្ទាប់ពី Video Trailer បទ «Are You Ok» មានមតិរិះគន់ខ្លះៗ។

តាមរយៈបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរសារយ៉ាងដូច្នេះថា៖ «សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»។

លោក យឹម តាស្រង់ ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម Galaxy Navatra ផ្ទាល់ត្រូវបានសារព័ត៌មានស្រង់សំដីមកថាបទចម្រៀង១បទ ដែលចំណាយអស់ជាង៥ម៉ឺនដុល្លា ត្រូវបានអ្នកឧកញ៉ាឱ្យលុបចោល។ លោកបន្តថា ពេលខ្លះគ្រប់ការខិតខំរបស់និងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយ។ យ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀត ហើយរីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើន។

លោកថា គ្រប់យ៉ាងមានតែពាក្យសោកស្តាយ ហើយលោកនឹងកែប្រែនូវចំនុចខ្វះខាតទាំងឡាយ។

លោក យឹម តាស្រង់ បានបញ្ជាក់ថា ៖«ខ្ញុំមានតែពាក្យអរគុណ និងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»

សូមបញ្ជាក់ថា គ្រាន់តែបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង មានអ្នកចូលទស្សនា ជិត២០លានដងទៅហើយលើ Channel Tik Tok របស់ផលិតកម្មGalaxy Navatra នេះមិនទាន់រាប់ចូលអ្នកលេងTik Tok ផ្សេងទៀត ដែលបានយកទៅផុសបន្តផង។

គិតមកដល់ពេលនេះ បទ”are you ok?” ត្រូវបានអ្នកនិយមលេង Tik Tok បានយក Cover រាំលេង Shares ពាសពេញពិភពលោករាប់លានវីដេអូផងដែរ។

ទោះបីជាយ៉ាងណា ចំណាត់ការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឱ្យអ្នកគ្រប់គ្រងផលិតកម្មលុបវីដេអូបទ” Are you OK? ចេញក៏ទទួលបានការគាំទ្របានមហាជនទូទៅ។