សិល្បករជាច្រើនបង្ហាញការគាំទ្រអនុសាសន៍ផ្តួចផ្តើមរបស់ប្រមុខរាជរដ្ឋាភិបាល កំណត់ឲ្យថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ

12

ក្រៅពីមន្ត្រីគ្រប់ឋានានុក្រម មកពីគ្រប់ស្ថាប័ន និងប្រជាពលរដ្ឋភាគច្រើន ដែលគាំទ្រអនុសាសន៍ផ្ដួចផ្ដើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់កំណត់ឲ្យថ្នាក់ដឹកនាំជាតិរួមមាន ប្រធានព្រឹទ្ធសភា,ប្រធានរដ្ឋសភា,នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែមានសញ្ជាតិតែមួយគត់ ក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលរួមបង្ហាញការគាំទ្រផងដែរ។

សិល្បករជាច្រើន បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុករៀងៗខ្លួន ដោយបង្ហាញនូវការគាំទ្រចំពោះការផ្ដួចផ្ដើមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដែលកំណត់ឲ្យថ្នាក់ដឹកនាំនៃស្ថាប័នកំពូលរបស់ជាតិទាំង៤ខាងលើ ត្រូវតែជាឥស្សរជនមានសញ្ជាតិតែមួយគត់។

ជាក់ស្ដែង តារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមស៍ បានបង្ហោះញត្តិគាំទ្ររបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះថ្នាក់ដឹកនាំកំពូលដែលបានផ្ដួចផ្ដើមឲ្យមន្ត្រីសិក្សារៀបចំច្បាប់កំណត់ឲ្យថ្នាក់ដឹកនាំជាតិមានសញ្ជាតិតែមួយគត់។

ជាមួយគ្នានោះ តារាកំប្លែងស្រីសំដីបានអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ទោះបីជាខ្លួនកំពុងតែមានវិវាទឆ្លងឆ្លើយលើបណ្ដាញសង្គមរឿងជំពាក់លុយតុងទីនយ៉ាងណាក៏ដោយ ក៏នាងនៅតែបានបង្ហោះសារបង្ហាញនូវការគាំទ្ររបស់ខ្លួនចំពោះថ្នាក់ដឹកនាំផងដែរតាមរយៈការបង្ហោះញត្តិគាំទ្រដូចគ្នា។

យ៉ាងណាមិញ ចំពោះពិធីករល្បីឈ្មោះលោក អ៊ឹង រដ្ឋា ហៅ ទុយ វិញ បានសរសេរដោយខ្លីបង្ហាញនូវការគាំទ្រដូចគ្នាដែរ។ លោកថា៖”ខ្ញុំបាទសូមគាំទ្រប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថា”ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ” ។

ក្រៅពីការគាំទ្ររបស់តារាជាច្រើនជាលក្ខណៈបុគ្គលហើយនោះ សមាគមសិល្បករខ្មែរ ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន តំណាងឲ្យសិល្បករ សិល្បការិនីជាថ្នាក់ដឹកនាំ រួមទាំងសមាជិកសមាជិការទាំងអស់ បានចាត់ទុកថា អនុសាសន៍របស់សម្ដេចតេជោ  ហ៊ុន សែន ថាជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកប​ដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅ ព្រោះនេះជាការធានាទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឲ្យឥស្សរជនជាន់ខ្ពស់ ដែលកាន់តំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង៤របស់ជាតិ ត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា ធ្វើការដឹកនាំប្រទេស​ដោយតម្កល់ឧត្តមប្រយោជន៍​ជាតិជាធំ ក៏ដូចជាប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនៃរបស់កម្ពុជា។

សមាគមប្ដេជ្ញាយ៉ាងដូច្នេះថា៖”យើងខ្ញុំទាំងអស់គ្នា សូមគោរពតាមមាគ៌ាដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលប្រកាន់ភ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ ការពារអធិបតេយ្យភាព បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”

ស្រដៀងគ្នានេះដែរ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានលោក ហេង ឡុង ជាប្រធានរួមទាំងសមាជិកសមាជិការទាំងអស់ ក៏បានប្រកាសគាំទ្រចំពោះអនុសាសន៍ផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកប​ដោយឧត្តមគតិស្នេហាជាតិដ៏ជ្រាលជ្រៅរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំស្ថាប័នជាតិទាំង៤ខាងលើ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់” ដូចគ្នា។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏ខិតខំកៀរគរអ្នកសិល្បៈជាច្រើន បង្កើតជាសំឡេងរួមមួយ ដើម្បីធ្វើញត្តិគាំទ្រចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ។

ដោយឡែកចំពោះអ្នកឧកញ៉ាវ័យក្មេងសម្បូរទ្រព្យ ឡេង ណាវ៉ាត្រា វិញ បានបង្ហាញនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ប្រកបដោយការប្ដេជ្ញាចិត្តដ៏មុះមុតថា៖ “កើតនៅកម្ពុជាត្រូវតែស្លាប់នៅកម្ពុជា។ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមគាំទ្រប្រសាសន៌របស់សម្តេច។ ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ, រួមសុខទុក្ខជាមួយប្រជាជនកម្ពុជា ទើបសាកសម ជាថ្នាក់ដឹកនាំកំពូលនៅកម្ពុជាបាន”។

គប្បីរំលឹកថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានគួសបញ្ជាក់ថា នៅពេលមេដឹកនាំកំពូលទាំង៤រូបរបស់កម្ពុជា មានសញ្ជាតិខ្មែរតែមួយ កម្ពុជានឹងរួចផុតស្រឡះពីការដាក់សម្ពាធ ឬការជ្រៀតជ្រែកពីបរទេស។

មេដឹកនាំកំពូលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន មើលឃើញថា កម្ពុជាអាចនឹងរងឥទ្ធិពលពីបរទេស ឬត្រូវបរទេសបង្គាប់បញ្ជា បើអ្នកដែលកាន់តំណែងកំពូលទាំង៤រូប ពិសេសតំណែងនាយករដ្ឋមន្រ្តី  មានសញ្ជាតិបរទេស។ សម្ដេចបញ្ជាក់ថា តំណែងនាយករដ្ឋមន្រ្តី ជាទំនាស់ផលប្រយោជន៍។ ការជ្រៀតជ្រែកពីបរទេទៅលើតំណែងដ៏សំខាន់នេះ គឺអាចកើតមាន ព្រោះអ្នកមានសញ្ជាតិ២ ត្រូវបង់ពន្ធនៅក្រៅប្រទេស ឬនៅក្រោមឥទ្ធិពលរបស់បរទេស។

បើតាមសម្ដេចតេជោ ច្បាប់កំណត់ឲ្យថ្នាក់ដឹកនាំជាតិមានសញ្ជាតិតែមួយនេះ អាចមានបញ្ហាចំពោះមុខ។ តែវាមានផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ។

 អត្ថបទ៖ សំ ជំនាញ